អគ្គីភ័យបំផ្លាញផ្ទះ ២៥ខ្នងនៅខណ្ឌឫស្សីកែវក្នុងក្រុងភ្នំពេញ
ដោយ មុំ សុផុន
2009-02-02
អគ្គីភ័យ បានឆាបឆេះផ្ទះចំនួន ២៥ខ្នង នៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នៅល្ងាចថ្ងៃទី២ ខែកុម្ភៈនេះ ដែលបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមិនអាចជួយ សង្គ្រោះបានឡើយ។
ក្រុមអ្នកពន្លត់អគ្គីភ័យបាញ់ទឹកពន្លត់ផ្ទះដែលត្រូវភ្លើងឆេះនៅភូមិទួលសង្កែ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ។
ប្រពលរដ្ឋរងគ្រោះនៅក្នុងហេតុការណ៍នោះ លោក ឡាយ ស៊ីហន អាយុ ៦០ឆ្នាំ បានមានប្រសាសន៍ឲ្យដឹងថា អគ្គីភ័យបានឆេះលឿនពេកមិនអាចធ្វើអ្វីទាន់ឡើយ។
លោក ឡាយ ស៊ីហន មានប្រសាសន៍ដូច្នេះថា ៖ «ផ្ទះនៅក្នុងទឹក ហើយដំបូលស័ង្កសី។ ឮថា ទុស្សេខ្សែភ្លើងភឹងឡើងលើតែម្ដង ឡើងលើហើយបានឆេះរាលដាលទៅលិចទៅកើត។ ម្ចាស់នៅហ្នឹង មិនដឹងយ៉ាងម៉េចបានទុស្សេហ្នឹង …គ្មាននរណាពន្លត់ទាន់ទេ អណ្ដាតភ្លើងឡើងតែម្ដង។ បន្តិចឡានទឹកមកដល់ភ្លាម មកទាន់ពេលវេលាដែរ មកកៀកៗគ្នា»។
តាមការអះអាងពីប្រធានក្រុមទី១៨ ក្នុងភូមិទួលសង្កែ ដែលត្រូវភ្លើងឆេះនោះ បានថ្លែងឲ្យដឹងថា តាមការមើលឃើញភ្លើងបានឆាបឆេះពីផ្ទះឈ្មោះ ឡោក ធិន ហើយការឆេះនោះមិនទាន់មានរបាយការណ៍ពីការគ្រោះថ្នាក់ដល់ជីវិត មនុស្សទេ ប៉ុន្តែទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋត្រូវខូចខាតទាំងស្រុង។
ចំណែកឯនាយការិយាល័យពន្លត់អគ្គីភ័យក្រុងភ្នំពេញ លោកវរសេនីយ៍ត្រី នេត្រ វន្ថា ដែលចុះជួយទៅដល់កន្លែងកើតហេតុនោះ បានថ្លែងបា្រប់ឲ្យដឹងថា អាជ្ញាធរពន្លត់អគ្គីភ័យបានប្រើរថយន្តពន្លត់អគ្គីភ័យចំនួន ១១គ្រឿង រួមជាមួយរថយន្តសង្គ្រោះផ្សេងៗទៀត ហើយប្រើទឹកពន្លត់អស់ជិត ៣០ឡាន ដោយប្រើពេលអស់មួយម៉ោងកន្លះទើបអាចជួយសង្គ្រោះបាន។
លោកវរសេនីយ៍ត្រី នេត្រ វន្ថា ថ្លែងថា ៖ «ស្មុគស្មាញមែនទែនតំបន់ នេះ ដោយសារសំណង់នៅទីនេះអត់មានផ្លូវសម្រាប់យើងធ្វើអន្តរាគមន៍ទេ គឺពិបាកមែនទែន។ ដោយសារការទម្លុះទម្លាយជាមួយមូលដ្ឋាន គាស់ដំបូល គាស់ចន្លោះ ទម្រាំបានយើងមានលទ្ធភាពឲ្យទុយោយើងបាញ់ដល់គោលដៅ ហើយនិងប្រជាពលរដ្ឋគាត់ចូលរួមផង បានទប់ស្កាត់បានដល់ម៉ោងនេះ កុំអីប្រហែលជាអាចខូចជាងហ្នឹងទៅទៀត»។
អភិបាលខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត បានថ្លែងដែរថា គេមិនទាន់អាចវាយតម្លៃនៃការខូចខាតនេះនៅឡើយទេ ប៉ុន្តែការសង្គ្រោះបានទាន់ពេលវេលា បើទោះបីជាស្ថានភាពផ្លូវចូលទៅកន្លែង កើតហេតុហាក់លំបាកក៏ដោយ។
លោក ឃ្លាំង ហួត មានប្រសាសន៍ដូច្នេះថា ៖ «បញ្ហាស្មុគស្មាញគឺ គ្មានផ្លូវចូលសម្រាប់រថយន្តពន្លត់អគ្គីភ័យបានទាន់ពេលវេលា បើសិនជាមានផ្លូវស្រួលបួលប្រហែលជាការខូចខាតមិនធ្ងន់ធ្ងរដល់ កម្រិតហ្នឹងទេ។ ការសង្រ្គោះឥឡូវនេះ តាំងពីមានកំណែទម្រង់គឺយើងល្អណាស់ កាលណាឆេះគឺយើងត្រូវអន្តរាគមន៍ពន្លត់ភ្លាម អត់មានបញ្ហាទេ មិនគិតថា ផ្ទះអ្នកតូច អ្នកធំ អ្នកក្រទេ កន្លែងណាដែលឆេះគឺយើងពន្លត់ទាន់ពេលវេលា។ ដូចជាពេលនេះអ៊ីចឹង បើសិនជាយើងមិនយកចិត្តទុកដាក់ទេ ការឆេះហ្នឹង នឹងរាលដាលធំជាងនេះទៀត ដោយសារតំបន់នេះស្មុគស្មាញ ហើយផ្ទះជាប់គ្នា»។
ក្រុមអាជ្ញាធរបានសំណូមពរដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នដោយសារតែរដូវក្តៅចូលមកដល់ ខ្លាចក្រែងមានអគ្គីភ័យកើតឡើងជាយថាហេតុដូចនៅពេលនេះ៕
យកទាំងស្រុងពី ៖ វិទ្យុអាស៊ីសេរី

កម្ពុជា ( Cambodia )












Leave a Reply